CCOSC
Home » En

ជីវិតថ្មីរបស់ កុមារី សូ ម៉ាលី ៖ ពីគំនរសម្រាម ឆ្ពោះទៅសាលារៀន

Wed 21 Jan 2015 | Street Children | Friends International (FI)

© CCOSC/Friends

សូ ម៉ាលី* មាន​អាយុ៧ឆ្នាំ ហើយសព្វថ្ងៃ​នាងរស់នៅជាមួយ​ឳពុកម្តាយ និង​បងប្អូនប្រុស​២នាក់​របស់​នាងផ្សេងទៀត​ នៅភូមិ​អន្លង់ពីរ។ រៀងរាល់ថ្ងៃ ម៉ាលី ត្រូវ​ធ្វើដំណើរ​ចម្ងាយ​១គមពីផ្ទះទៅគំនរសម្រាម ដើម្បីរើស​សម្បកកំប៉ុង សម្បកដប និងរបស់​របរ​ផ្សេងទៀត ព្រមទាំង​ប្រមូល​អាហារដែល​គេ​បោះចោល​សម្រាប់​ប្រើប្រាស់​ជា​ចំណីសត្វ។​ នេះគឺជា​ប្រភពចំណូល​តែមួយ​គត់​របស់​គ្រួសារ​នាង ដោយ​សារ​តែ​ឳពុក​របស់​នាង​មាន​ជំងឺរ៉ាំរ៉ៃ ហើយ​ម្តាយ​របស់​នាង​ត្រូវ​នៅផ្ទះមើល​ថែទាំគាត់។ ហេតុដូច្នេះហើយ ម៉ាលី និង​បងប្អូនប្រុស​របស់​នាង មិន​បាន​ចូល​រៀន​នៅ​សាលា​ទេ។ 

នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ២០១៤ បុគ្គលិកកិច្ចការសង្គមរបស់អង្គការកល្យាណមិត្ត បានទៅជួបគ្រួសារ​របស់​នាង ដើម្បីធ្វើការ​ពិគ្រោះយោបល់ និង​ប្រាប់​ពួកគាត់អំពីការផ្តល់ជូននូវ​សេវាកម្មសង្គម​នៅក្នុងមណ្ឌល​របស់​អង្គការ ដែល​មានទីតាំងនៅជិតគំនរសម្រាម។ បន្ទាប់​មក​គ្រួសារ​របស់​នាង ក៏បាន​យល់​ព្រម​បញ្ជួន​នាង​ឲ្យ​ទៅចូលរៀន​នៅ​ថ្នាក់​បំប៉ននៅក្នុង មណ្ឌល។​ បងប្រុស​ ម៉ាលី ឈ្មោះកុយ ដែល​បាន​ឈប់រៀនត្រឹម​ថ្នាក់ទី២ ដើម្បីមើល​ថែប្អូន​ប្រុស​ ក៏​ត្រូវ​បាន​ចូល​រៀន​នៅក្នុងថ្នាក់បំប៉ន​នេះដែរ តែដោយឡែក​ប្អូន​ប្រុស​របស់ពួកគេត្រូវ​បានបញ្ជូនឲ្យ​ចូលរៀន​​នៅ​ថ្នាក់​មត្តេយ្យ ពីព្រោះគេ​ត្រូវ​ការ​ការ​មើល​ថែទាំពេញ​មួយ​ថ្ងៃ។ 

សព្វថ្ងៃនេះ ម៉ាលី និង​ប្អូន​ប្រុស​របស់នាង ដែល​មាន​ឈ្មោះ​ សាន កំពុង​រៀន​នៅក្នុងថ្នាក់​បំប៉ន ហើយ​នៅឆ្នាំក្រោយ​ពួកគេនឹង​ត្រូវ​ធ្វើសមាហរណកម្មចុះឈ្មោះចូលរៀន​នៅសាលាបឋមសិក្សារដ្ឋ។ ឳពុកម្តាយ​របស់​​ម៉ាលី ត្រេកអរ និង​អរគុណ​យ៉ាងខ្លាំង​ចំពោះការ​ជួយ​ឧបត្ថម្ភឲ្យ​កូន​គាត់​បានទៅរៀន ហើយ​ពួកគាត់​តែងតែទទួលបាន​ការចុះ​ពិគ្រោះយោបល់​ជា​ទៀងទាត់ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ជីវិត​រស់នៅប្រចាំថ្ងៃរបស់​ពួកគាត់។ 

*នេះជាឈ្មោះដែលគេដាក់​ឲ្យ ដើម្បីការពារ​អត្តសញ្ញាណ​របស់​កុមារ​ដែលងាយ​រងគ្រោះ​


Components


Partners