CCOSC
Home » En

គ្រូបង្រៀនមូលដ្ឋាន គឺជាឆ្នឹងខ្នងសម្រាប់ការអភិវឌ្ឍន៍សហគមន៍

Wed 21 Jan 2015 | Ethnic Minorities | CARE International (CI)

© CCOSC/CARE/Estey

នៅសាលារៀន ក្នុងភូមិតៀមលើ អ្នកគ្រូ ថុង លានថាវី កំពុង​ឈរចង្អុល​អក្សរនៅលើ​ក្តារខៀន ដើម្បី​ឲ្យ​សិស្ស​ថ្នាក់ទី​១​របស់​នាង​អានតាម។ 

ក្នុង​បន្ទប់​រៀន​នេះ មាន​កុមារីម្នាក់​ដែល​មាន​អាការៈ​អៀន​ប្រៀន​កំពុង​អោន​ឈ្ងោក​មុខ​ទៅ​នឹង​​ដី ហើយ​មិន​បាន​អាន​​អក្សរ​ដូច​សិស្ស​ដទៃទៀត​ទេ។ ឃើញ​ដូច្នេះ អ្នកគ្រូ​ក៏​បានដើរ​សំដៅ​ទៅ​អង្គុយ​ក្បែរនាង ដើម្បីធ្វើការ​លួងលោម​កុមារីតូចនេះ។ បន្ទាប់​មក​នាង​ក៏​អាច​អាន​អក្សរ​ត្រូវ ហើយ​ក៏​ញញឹម​ទៅរក​អ្នកគ្រូ។​ 

ក្នុងវ័យ​២៧ឆ្នាំ ថាវីគឺជា​គ្រូគម្រូ​ម្នាក់​សម្រាប់​សិស្ស​ក្នុង​ថ្នាក់​របស់នាង ហើយ​គាត់​ក៏​ជា​ម្តាយ​គម្រូ​សម្រាប់​កូន​២នាក់​របស់​គាត់​ដែល​ពុំទាន់​ដល់​វ័យ​ចូលរៀន​នៅឡើយ។ កាលពីមុន អ្នកគ្រូ​ក៏​មិន​ដែល​បាន​ចូលរៀននៅសាលារដ្ឋដែរ តែពេលនេះ គាត់​គឺជា​អ្នក​បណ្តុះបណ្តាល​អ្នក​ដឹកនាំ​សម្រាប់​ពេល​អនាគត​ក្នុង​ភូមិ​របស់​នាង​​ ​ជា​២​ភាសា។ 

“កាលខ្ញុំនៅពីក្មេង ភូមិរបស់​ខ្ញុំគគ្រិចណាស់ ហើយ​អត់សប្បាយទេ។ មនុស្ស​ជា​ច្រើន​ មិន​ចេះ​អាន និង​សរសេរ​អក្សរ ព្រោះ​គ្មាន​សាលារៀន​សម្រាប់​ពួកគេ។” 

កាលពី៨ឆ្នាំមុន សហគមន៍​តៀមលើ បាន​យល់ព្រម​ចូលរួម​អនុវត្តកម្មវិធីអប់រំ​ ហើយ​ឥឡូវ​នេះ កម្មវិធីនេះ​បាន​ទទួល​ការ​ឧបត្ថម្ភពី​គម្រោង Educate A Child (EAC)  តាម​រយៈគម្រោងដៃគូរួមគ្នាផ្តល់​ឱកាសអប់រំដល់​កុមារ​បាត់បង់​ឱកាសនៅកម្ពុជា ដែល​ដឹកនាំ​ដោយ​អង្គការ អេដ អេ​ អាក់ស្យុង។ កម្មវិធីនេះ ត្រូវ​បាន​អនុវត្តក្នុង​សហគមន៍​ដីទួល ដោយ​អង្គការ CARE។ 

មនុស្សចាស់ៗ​បាន​ធ្វើការ​ជ្រើសរើសយក​ប្រជាជន​នៅក្នុង​ភូមិ ដើម្បីចូលរួន​វគ្គ​បណ្តុះ​បណ្តាល​​ទាក់ទង​នឹង​វិធីសាស្រ្តបង្រៀន​នៅសាលា​អប់រំ​២​ភាសា ដែល​នេះគឺជា​ការ​​ផ្តល់​ឱកាស​​ដល់​កុមារ​ជនជាតិដើម​ភាគតិច​ក្នុង​ការ​ចូលរៀន​នៅមធ្យមសិក្សា ដែល​ប្រើប្រាស់​តែភាសាខ្មែរប៉ុណ្ណោះ។​

សព្វថ្ងៃនេះ សាលាអប់រំ២ភាសា​តាម​សហគមន៍​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​របស់​សាលា​រដ្ឋ។ អ្នកគ្រូ ថាវីបានបញ្ជាក់ថា ដោយសា​រតែពួកគាត់​ចង់​ថែរក្សាទុកភាសា និង​ប្រពៃណីដើម​របស់​ពួកគាត់ ដូច្នេះ វាមាន​សារៈសំខាន់ណាស់​ក្នុង​ការ​និយាយភាសា​ក្រឹង ដែល​ជា​ភាសាកំណើត​របស់​ពួកគាត់។ តែកុមារ​ត្រូវតែចេះភាសាខ្មែរដើម្បីអាច​ទំនាក់ទំនង​ជាមួយ​មជ្ឍដ្ឋាន​ខាង​ក្រៅបាន។   

ថាវីត្រូវ​បាន​ជ្រើសរើស​ជា​គ្រូបង្រៀន​តាំងពីគាត់​អាយុ​១៩ឆ្នាំ​មក​ម្ល៉េះ ដែល​កាលនោះគាត់​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​យក​ភារកិច្ចនេះ។ “ឳពុក​របស់​ខ្ញុំ គឺជា​មេភូមិ ហើយ​គាត់ និង​ចាស់​ៗដទៃទៀតបាន​ជ្រើសរើស​ខ្ញុំធ្វើ​ជា​គ្រូ​បង្រៀន។ ពីមុន​ ខ្ញុំ​ចេះតែធ្វើ​ស្រែទេ។ ពួក គាត់និយាយថា ពួកគាត់​ត្រូវ​ការ​មនុស្ស​ស្រី​ដែល​អាចនិយាយភាសាបានល្អ។ ខ្ញុំបាន គិតថា ហេតុអ្វី​បាន​ជា​ពួកគាត់​ជ្រើសរើសខ្ញុំ? ខ្ញុំគឺជា​មនុស្សស្រី ហើយ​នៅក្មេងណាស់។” 

“ឥឡូវនេះ ខ្ញុំរីករាយ និង​មាន​មោទនភាពណាស់ ដែល​ខ្ញុំ​អាច​ក្លាយ​ជា​គ្រូបង្រៀន។ កាលពី មុន​ ខ្ញុំមិន​អាច​អាន និងសរសេរបានទេ តែពេលនេះ​ ខ្ញុំអាច​បង្រៀន​អ្នក​ដទៃបាន។ ខ្ញុំ​ចំណាយ​​ប្រាក់ខែរបស់​ខ្ញុំ​ដើម្បីទិញ​ថ្នាំពេទ្យ សម្លៀកបំពាក់ សម្ភារៈ​ផ្ទះបាយ និង​សម្រាប់​ផ្គត់ផ្គង់គ្រួសារ​របស់​ខ្ញុំ។ ខ្ញុំសង្ឃឹមថា ក្មេងស្រីៗនៅក្នុង​ថា្នក់​របស់​ខ្ញុំ អាច​ក្លាយ​ជា​គ្រូបង្រៀន​ដូចខ្ញុំ​បានដែរ” អ្នកគ្រូថាវី បានប្រាប់ដូច្នេះ។​

តាម​រយៈ​ការ​សម្លឹងមើល​យ៉ាង​យក​ចិត្តទុកដាក់​របស់​កុមារីដែល​អង្គុយ​នៅតុខាងក្រោយ យើង​មាន​ជំនឿថា សាលាភូមិ តៀមលើ នឹង​បន្ត​បណ្តុះបណ្តាល​អ្នកគ្រូៗដែល​មាន​ភាព​ក្លាហាន​សម្រាប់​ថ្ងៃអនាគត។ 


Components


Partners