CCOSC
Home » En

ការអប់រំ៖ មធ្យោបាយជួយកុមារចាកចេញពីគំនរសម្រាម

Fri 1 Jul 2016 | Street Children | Goutte d’Eau/DamnokToek (DT)

© AEA Cambodia

ឡានដឹកសម្រាមបានមកដល់ ហើយបានចាក់សម្រាមទៅក្នុងគំនរសម្រាម។ ភ្លាមៗនោះ មានកុមារ​មួយក្រុមបានរត់មកដល់ ហើយ​បាន​រើសសម្បកដប សម្បកកំប៉ុង និង​របស់​របរ​ដទៃទៀតដើម្បីទុកលក់។ “ ខ្ញុំបានមកទីនេះជាមួយម្តាយខ្ញុំជារៀងរាល់ព្រឹក ដើម្បីរើសសម្បកកំប៉ុង និង​សម្បកដបសម្រាប់​ទុកលក់។ នេះគឺជាមុខរបរចិញ្ចឹមជីវិតតែមួយគត់​របស់​គ្រួសារខ្ញុំ។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំចង់ទៅរៀននៅសាលា ដូចកុមារ​ដទៃទៀតដែរ” កុមារី សុខលាងបាននិយាយប្រាប់​បុគ្គលិក​សង្គម​របស់​អង្គការ តំណក់ទឹក​ យ៉ាង​ដូច្នេះ។

 

កុមារី សុខលាង មាន​អាយុ​៩ឆ្នាំ ហើយ​សព្វថ្ងៃរស់នៅជាមួយ​គ្រួសារ​របស់​នាង នៅក្នុង​កូន​ខ្ទមមួយនៅក្បែរកន្លែងចាក់សម្រាម ក្នុង​ទីក្រុង​ប៉ោយប៉ែត។ ឳពុករបស់​នាង​ប្រកបរបរជាជាងសំណង់។ ដោយសារភាពក្រីក្រ សុខលាងមិនមានឱកាស​ទទួលបាន​ការ​សិក្សានៅសាលាទេ ព្រោះនាងត្រូវ​ធ្វើការ​ជាមួយម្តាយនាង​នៅគំនរសម្រាម។ ជាងនេះទៅទៀត នាងឧស្សាហ៍ឈឺណាស់ ពីព្រោះបរិស្ថានរស់នៅរបស់នាង​គ្មាន​អនាម័យទេ។

 

ពីគំនរសម្រាម ឆ្ពោះទៅ សាលារៀន

បន្ទាប់ពីមានការពិគ្រោះយោបល់ជាច្រើនលើកច្រើនសារ រវាងបុគ្គលិកផ្នែកសង្គមរបស់​អង្គការ​តំណក់ទឹក និងឳពុកម្តាយ​របស់​ស៊ីលៀង កាលពីដើមឆ្នាំ២០១៣មក ស៊ីលៀងបានមានឱកាស​ចូលរៀន នៅក្នុងថ្នាក់​អប់រំក្រៅប្រព័ន្ធក្នុងអង្គការតំណក់ទឹក។ នាងបានរៀនមុខវិជ្ជាភាសារខ្មែរ ការ​គណនា​លេខ វិទ្យាសាស្រ្ត សិក្សាសង្គម និង​មុខវិជ្ជាអនាម័យ។ល។ ក្រៅពីនេះ នាងបានទទួល​ការ​ពិនិត្យសុខភាព​យ៉ាងទៀតទាត់នៅក្នុង​អង្គការ។ “នៅទីនេះ ខ្ញុំសប្បាយចិត្តណាស់ ពីព្រោះខ្ញុំបានរៀនសូត្រ និងបានលេងជាមួយមិត្តភក្តិរបស់​ខ្ញុំ។ លើសពីនេះ លោកគ្រូ អ្នកគ្រូ​យកចិត្តទុកដាក់ចំពោះខ្ញុំខ្លាំងណាស់។ អ្វីៗនៅទីនេះ គឺល្អជាងនៅកន្លែងចាក់សម្រាមឆ្ងាយណាស់ស៊ីលៀងបានបញ្ជាក់ដូច្នេះ។ ​“នាងយកចិត្តទុកដាក់ និងយល់បានច្រើនអំពីអ្វីដែលខ្ញុំបានបង្រៀននាង។ ឥឡូវនេះ នាងអាចអាន និងសរសេរអក្សរបានល្អណាស់” អ្នកស្រី កឹម ស្រី ដែលជាគ្រូបង្រៀន​របស់​ស៊ីលាង បានបន្ថែម។  

 

ដោយសារការខិតខំប្រឹងប្រែងរៀនសូត្រ នៅឆ្នាំក្រោយ ស៊ីលាង នឹងត្រូវ​បញ្ជូនទៅរៀននៅសាលារដ្ឋ។ ឳពុកម្តាយរបស់នាង មានក្តីសោមនស្សខ្លាំងណាស់​ចំពោះលទ្ធផលសិក្សារបស់​នាង ហើយ​ពួកគាត់​បាន​យល់​កាន់តែច្បាស់ពីសារៈសំខាន់​របស់​ការអប់រំ ចំពោះការអភិវឌ្ឍន៍ចំណេះដឹង​របស់​កូន​គាត់។ “ខ្ញុំមាន​មោទនភាពចំពោះខំប្រឹងប្រែងរបស់កូនខ្ញុំខ្លាំងណាស់ ហើយ​សប្បាយចិត្តពេលដែលកូនខ្ញុំបាន​ទៅរៀន នៅសាលារដ្ឋ។ ខ្ញុំសង្ឃឹមថា ការអប់រំ នឹង​ជួយឲ្យ​នាង​មាន​អនាគតកាន់តែល្អ” អ្នកស្រី សៀង ដែល​ជាម្តាយ​របស់​ស៊ីលាង បាននិយាយ។ 


Components


Partners