CCOSC
Home » En

ថ្នាក់បំប៉ន៖ មធ្យោបាយដើម្បីរក្សាសិស្សឲ្យនៅរៀន នៅសាលា

Fri 1 Jul 2016 | Poor and Remote |

© AEA Cambodia

នៅក្រោមព្រះវិហា ក្នុងវត្តមួយនៅក្នុងឃុំ មុសា យុវជនម្នាក់ កំពុងឈសរសេរមេរៀន នៅលើ​ក្តាខៀន ហើយ​បន្ទាប់មក គេបានអានមេរៀននេះទៅកាន់សិស្សប្រមាណជាង​៣០នាក់ ដែលមានអាយុ​ចន្លោះពី៨ ទៅ១១ឆ្នាំ។ កុមារា២នាក់ និង​កុមារីម្នាក់ នស្ម័គ្រចិត្តឡើង​ទៅក្តាខៀន ដើម្បីអានមេរៀន ហើយបន្ទាប់មក កុមារា កុមារីដែលអង្គុយនៅនឹងតុ​ បាន​អានតាមដោយ​សម្លេងខ្លាំងៗ។ កុមារា កុមារីទាំងនោះបាន​ចូលរួមយ៉ាងសកម្ម​ចំពោះការ​បង្រៀន​នេះណាស់ ពីព្រោះពួកគេ​គោរពនិវ័យ ហើយ​លើយ​សំណួរ​ត្រូវទាំងអស់។ នេះគឺជាសកម្មភាព នៅក្នុងថ្នាក់បំប៉ន ដែលបង្រៀនដោយ​ យុវជន ឈ្មោះ សុខផេង សម្រាប់កុមារដែល​មានផលលំបាកនៅក្នុងការសិក្សានៅសាលារដ្ឋ។ សុខ ផេង គឺជា​ យុវជន ស្ម័គ្រចិត្តរបស់​អង្គការ យុវតារា ដែល​ជា​អង្គការដៃគូ​យ៉ាងសំខាន់​របស់​អង្គការ អេដ អេ អាក់ស្យុង នៅក្នុង​ខេត្តកំពង់ធំ។

 

ដោយសារតែភាពទីទ័លក្រ មាន​កុមារ​ជាច្រើន​ដែលរស់នៅក្នុងឃុំ មុសា ត្រូវបង្ខំចិត្តជួយធ្វើការងារ​ឳពុក​ម្តាយ​​ ហេតុដូច្នេះហើយ កុមារ​ទាំងនោះតែងតែអវត្តមានជាញឹកញាប់។ បញ្ហានេះ ធ្វើឲ្យពួកគេរៀនមិនទាន់ ហើយ​ពួកគេនឹងប្រឈមមុខនឹងការបោះបង់ចោលការសិក្សា។ 

 

ថ្នាក់បំប៉ន គឺជាសកម្មភាពដ៏ប្រសើរមួយ​ ដែល​អាច​ជួយឲ្យ​កុមារទាំងនោះបន្តការសិក្សានៅតាម​សាលារដ្ឋ។ ដើម្បីដំណើរការថ្នាក់រៀននេះ យុវជនស្ម័គ្រចិត្ត បាន​ទំនាក់ទំនង​ជាមួយគ្រូបង្រៀននៅតាមសាលារដ្ឋ ក៏ដូចជា​តួអង្គអប់រំសំខាន់ៗដទៃទៀតនៅតាមតំបន់ដែល​គេរស់នៅ ដើម្បីជម្រុញឲ្យ​មាតាបិតាសិស្ស យល់ព្រម​ឲ្យ​កូន​ៗរបស់​ពួកគាត់​ចូលរៀន​នៅក្នុងថ្នាក់បំប៉ននេះ។ ជាសរុប កុមារ​ជាង​៩០នាក់ ដែល​កំពុងមានបញ្ហាលើការសិក្សានៅតាមសាលារដ្ឋ បាន​ចូលរៀន​ជាមួយ សុខ ផេង។ កុមារ​ទាំងនេះ ត្រូវបាន​បែងចែងចេញជា២ក្រុម ​(មួយក្រុមព្រឹក មួយក្រុមល្ងាច) ហើយរៀន​ចំនួន​ពីរម៉ោង​ក្នុង​មួយ​ថ្ងៃ។ ចំណុចសំខាន់ៗជាច្រើន នៅក្នុងមេរៀន ដែល​រៀននៅក្នុងសាលារដ្ឋ ត្រូវ​បាន​លើក​យក​មក​បង្រៀន នៅក្នុងថ្នាក់នេះ។ “កុមារទាំងអស់ចូលចិត្តរៀននៅក្នុងថ្នាក់នេះណាស់។ ខ្ញុំមានចិត្តសប្បាយ​រីករាយណាស់ ដែល​ពួកគេអាច​យល់​មេរៀន​បាន​ប្រសើរជាងមុន។ ឥឡូវនេះ ពួកគេ​អាចសរសេរ និង​អាន​អក្សរ​បាន​ត្រឹមត្រូវ​ល្អណាស់ ហើយ​ពួកគេអាច​យល់បានច្រើននូវអ្វីដែល​គ្រូបាន​បង្រៀន​នៅក្នុងសាលារដ្ឋ” សុខ ផេង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ។

 

បន្ថែមពីកម្មវិធីថ្នាក់បំប៉ននេះ សុខ ផេង ក៏បាន​បង្រៀនភាសាអង់គ្លេស ដល់​កុមារា កុមារីនៅក្នុង​ភូមិ​ផងដែរ។ គួរបញ្ជាក់ថា ភាសាអង់គ្លេស មានសារៈសំខាន់ណាស់​សម្រាប់​អនាគត​របស់​កុមារ​នៅតាមជនបទ ប៉ុន្តែពួកគេ​ពុំមានឱកាសច្រើនក្នុងការ​រៀនទេ ដោយសារតែការ​រៀននេះត្រូវចំណាយប្រាក់ច្រើន និងពិបាករកគ្រូបង្រៀន។ កុមារី សុជាតា ដែលរៀននៅថ្នាក់ទី៦ បានបញ្ជាក់៖ “ខ្ញុំចូលចិត្តរៀន​ នៅក្នុងថ្នាក់នេះណាស់ ដោយសារតែខ្ញុំអាច​បង្កើនចំណេះដឹង ហើយខ្ញុំអាចរៀនសាអង់គ្លេស​ដោយឥតគិតថ្លៃ។​​​”

 

ឃុំមុសា មានទីតាំងនៅក្នុងខេត្តកំពង់ធំ ហើយជាឃុំគោលដៅមួយ​របស់​គម្រោងដៃគូរួមគ្នា ផ្តល់​ឱកាសអប់រំដល់​កុមារ​បាត់បង់ឱកាសនៅកម្ពុជា ដែល​អនុវត្តរួមគ្នា​រវាង​អង្គការ អេដ អេ អាក់ស្យុង និងអង្គការយុវតារា ដោយមានកិច្ចសហការជាមួយ​រសួង​អប់រំយុវជន និងកីឡា។ គោលដៅនៃគម្រោងនេះ គឺធ្វើយ៉ាងណា​ជួយឲ្យកុមារ​ដែលនៅក្រៅសាលា​ មានឱកាស​ទទួល​បាន​ការ​សិក្សានៅក្នុង​សាលារដ្ឋឡើងវិញ។

 

សុខ ផេង មានអាយុ២៦ឆ្នាំ ហើយ​ទើបតែបញ្ចប់ការសិក្សា​ពីសកលវិទ្យាល័យ​និតិសាស្ត្រ។ សុខ ផេង​បាន​ចាប់ផ្តើម​ធ្វើការងារ​នេះ តាំងពីខែ តុលា ឆ្នាំ២០១៥ បន្ទាប់​ពី​បាន​ទទួលវគ្គបណ្តុះបណ្តាល រយៈពេល​៣ខែ ទាក់ទងនឹង​ជីវភាពប្រចាំថ្ងៃ និងវិធីសាស្ត្រនាក់ទំនង ជាមួយ​ប្រជាជន​នៅតាម​សហគមន៍ក្រីក្រ វិធីសាស្ត្រអភិវឌ្ឍគម្រោង និង​ការ​សរសេរ​របាយការណ៍។ តាម​រយៈនេះ យុវជន សុខ ផេង មាន​សមត្ថភាពគ្រប់គ្រាន់ ក្នុងការ​គៀងគរ​ធនធានក្នុងសហគមន៍ ក៏ដូចជា​ជួយជម្រុញឲ្យ​ប្រជាជន និងជ្ញាធរមូលដ្ឋាន ព្រមទាំង​តួអង្គអប់រំ ពាក់ពន្ធដទៃទៀត​ ឲ្យចូលរួមគ្នាអភិវឌ្ឍវិស័យ​អប់រំក្នុង​សហគមន៍ក្រីក្រ​ឲ្យ​កាន់តែប្រសើរឡើង។ សុខ ផេង បាន​បញ្ជាក់ថា គេសប្បាយចិត្តណាស់ ដោយសារតែកុមារ​ទាំងនេះយល់មេរៀន​បាន​ប្រសើរជាងមុន។ ច្នេះពួកគេនឹងលែងអវត្តមាននៅសាលារដ្ឋទៀតហើយ។

 

ចុងបញ្ចប់ យុវជន ស្ម័គ្រចិត្តរូបនេះ បាន​បន្ថែមថា​​ រូបគេ​ចូលចិត្តការងារនេះណាស់ ដោយសារ​តែគេ អាច​ចូលរួម​ចំណែក​ក្នុងការជួយ​កុមារ​កម្ពុជា ក៏ដូចជាចូលរួម​ជាមួយ​អង្គការ ក្នុងការ​អភិវឌ្ឍន៍សហគមន៍ក្រីក្រ។

 


Components