CCOSC
Home » En

អ្នកធ្វើការងារពាក់ព័ន្ធវិស័យ​អប់រំ​ក្នុងតំបន់ ជួប​ពិភាក្សា​គ្នាចែករំលែក​បទពិសោធន៍​គណនេយ្យ​ភាព​សង្គម

Tue 4 Oct 2016 | | Aide et Action International (AEAI)

© AeA Cambodia

(ភ្នំពេញ)៖ អ្នកចូលរួមប្រមាណជាង១០០នាក់ មកពីក្រសួងអប់រំ និងអង្គការសង្គមស៊ីវិលនានាទាំងនៅក្នុងប្រទេស និងមកពីប្រទេសចំនួន២ផ្សេងទៀត ក្នុងតំបន់ បានជួបពិគ្រោះពិភាក្សាគ្នាពេញមួយថ្ងៃ នៅរាជធានីភ្នំពេញ ដើម្បីចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក អំពីសារៈសំខាន់ និងការងារទាក់ទងនឹងគណនេយ្យភាពសង្គម នៅក្នុងវិស័យអបរំ។

តាមរយៈគម្រោងបឋមដែលត្រូវបានអនុវត្តរយៈពេលប្រមាណជា២ទៅ៣ឆ្នាំកន្លងមកនេះ នៅតាមបណ្តាប្រទេសរៀងៗខ្លួន អ្នកចូលរួមកិច្ចពិគ្រោះពិភាក្សា បានស្តាប់ជាបន្តបន្ទាប់នូវបទបង្ហាញពីអ្នកជំនាញមកពីប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា អំពីស្ថានភាពនៃការអនុវត្តន៍ និងលទ្ធផលជាបឋមនៃកម្មវិធីមួយដែល នៅកម្ពុជា គេស្គាល់ថាជាកម្មវិធី​​ «ជួយមើលសាលារៀន» ដែល​អនុវត្តដោយសម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា ក្នុងការ​លើកកម្ពស់គណនេយ្យភាព តម្លាភាព និងអភិបាលកិច្ច ជាពិសេសនៅតាមគ្រឹះស្ថានអប់រំ។

លោក​ សន ជ័យ​ ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា ដែលជាអ្នកដឹកនាំអនុវត្តគម្រោង «ជួយមើលសាលារៀន» តាំងពីឆ្នាំ២០១៤មក នៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ដោយផ្តោតលើសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន២៩ បានធ្វើបទបង្ហាញបា្រប់អង្គវេទិកាថា កម្មវិធីរបស់លោកបាននិងកំពុងរួមសហការជាមួយក្រសួងអប់រំ ខិតខំបន្ថែមទៀត ជុំវិញការងារលើកកម្ពស់គុណភាពអប់រំតាមសាលារៀន ពិនិត្យមើលកង្វះខាតអគារសិក្សា ទឹកស្អាត អគ្គិសនី និងបង្គន់អនាម័យជាដើម។​ ​

វាគ្មិនមកពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វ៊ីលិពីន ក៏បានបង្ហាញនូវបទពិសោធន៍ប្រហាក់ប្រហែលគ្នាដែរ ដោយសង្កត់ធ្ងន់ទៅលើសារសំខាន់ និងអត្ថប្រយោជន៍នៃគណនេយ្យភាពសង្គម ជាពិសេសគឺការបើកចំហឲ្យមានការចូលរួមពីសហគមន៍ និងប្រជាពលរដ្ឋ ជាមួយនឹងរដ្ឋាភិបាល ពិគ្រោះពិភាក្សាគ្នាទៅវិញទៅមក អំពីអ្វីដែលសហគមន៍ចង់បាន ទាក់ទងនឹងវិស័យអប់រំ​ និងអ្វីដែលរដ្ឋាភិបាលអាចធ្វើបាន ឬការគាំទ្រដែលរដ្ឋាភិបាលត្រូវការពីសហគមន៍មកវិញ។

គួរកត់សំគាល់ថា តាមរយៈបទបង្ហាញរបស់វាគ្មិនមកពីប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថារដ្ឋាភិបាលប្រទេសនេះបានបែងចែកថវិកាអប់រំចំនួន២០ភាគរយ​ នៃថវិកាជាតិទាំងមូល ដែលត្រូវជាប្រមាណ៣០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ «យើងបានជជែកពិភាក្សាយ៉ាងទូលំទូលាយអំពីសារៈសំខាន់ និងការលើកកម្ពស់វិស័យអប់រំ រហូតយើងទទួលបានជោគជ័យ ពោលគឺការអនុ  ម័តថវិកាអប់រំចំនួន២០ភាគរយ នៃថវិកាជាតិទាំងមូល។បើតាមបទពិសោធន៍របស់យើង ប្រជាពលរដ្ឋឥណ្ឌូនេស៊ី មិនគ្រាន់តែតាមដានការប្រើបា្រស់ថវិកាប៉ុណ្ណោះទេ តែថែមទាំងពិនិត្យមើលរាល់ទិដ្ឋភាពជាក់ស្តែងនៅតាមសាលារៀនផងដែរ» លោកវ៉ាវ៉ាន់ ហេរូ ស៊ូយ៉ាតមីកូ (Wawan Heru Suyatmiko) អ្នកគ្រប់គ្រងកម្មវិធី អង្គការតម្លាភាពឥណ្ឌូនេស៊ី បានថ្លែងក្នុងបទបង្ហាញរបស់ខ្លួនជូនអង្គវេទិកា។

តំណាងស្ថាប័នផ្សេងៗទៀតក៏បានចូលរួមធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ ផងដែរ ទៅតាមជំនាញនិងកម្មវិធីរៀងៗខ្លួន។ លោក​ វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាក់ស្យុង ដែលជាអង្គការអន្តរជាតិមួយមានបេសកកម្មជួយផ្តល់និងបង្កើនឱកាសអប់រំដល់កុមារ និងជម្រុញគុណភាពអប់រំ ហើយ​ក៏ជាអង្គការមួយដែលរួមចំណែកក្នុងការរៀបចំវេទិកានេះផងដែរ បានធ្វើបទបង្ហាញជូនអង្គវេទិកាអំពីគម្រោងអប់រំមួយតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប ដែលគេស្គាល់ថាគម្រោងខ្មែរលើន (Khmer Learn)។

«គម្រោងខ្មែរលើន ប្រមូលផ្តុំដោយកម្មវិធី​(Apps)ចំនួន៥ ដែលគេអាចប្រើបា្រស់បានតាមរយៈទូរស័ព្ទដៃ និងឧបករណ៍ផ្សេងៗទៀត ហើយក្នុងនោះមានកម្មវិធីធំៗមួយចំនួន ដែលមានអ្នកប្រើប្រាស់ រាប់ម៉ឺននាក់ ពោលគឺកម្មវិធីខ្មែរឡាយប្រឹរី (Khmer Library) ឬ បណ្ណាល័យខ្មែរ ដែលមានសៀវភៅប្រមាណជា១០០០ក្បាល ក្នុងនោះមានសៀវភៅសម្រាប់កុមារប្រមាណជាង៤០ក្បាល» លោកសំភាស់បានថ្លែងក្នុបទបង្ហាញ។

 ក្រៅពីនេះ នៅមានកម្មវិធីសំខាន់ៗមួយចំនួនទៀតដូចជា ខ្មែរអ្នកអប់រំ សម្រាប់បម្រើសេចក្តីត្រូវការរបស់គ្រូ ជាពិសេស​។​ ខ្មែរអ្នកនិពន្ធ និង ខ្មែរអ្នកអាន ជាកម្មវិធីចំននួនពីរដោយឡែកទៀត ដែលត្រូវបានបង្កើតឡើងសំដៅផ្តល់ឱកាសដល់អ្នកនិពន្ធផ្សព្វផ្សាយស្នាដៃរបស់ខ្លួនផង និងផ្តល់ភាពងាយស្រួលដល់អ្នកអានស្វែងរកសៀវភៅអានផង, នេះបើតាមលោក វន សំភាស់។
ក្រសួងអប់រំក៏បានបញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងវេទិកានេះដែរ។

លោកអ៊ុត បូរាត អគ្គនាយករង នៃអគ្គនា​យកដ្ឋានគោលនយោបាយ​​ និងផែនការ នៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើបទបង្ហាញអំពីការខិតខំរបស់រាជរដ្ឋាភិបាល និងសមិទ្ធផល ដែលក្រសួងអប់រំសម្រេចបានកន្លងមក ក៏ដូចជាផែនការអភិវឌ្ឍន៍វិស័យអប់រំ តទៅខាងមុខ។

«ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងរៀបចំផែនការគោលនយោបាយសម្រាប់ឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០៣០​ ដោយធ្វើយ៉ាងណាឲ្យសិស្សបានទទួលការអប់រំប្រកបដោយគុណភាព និងសមធម៌ ហើយក្រសួងនឹងបន្តធ្វើទំនើបកម្មហេដ្ឋារចនាសម័្ពន្ធ ព្រមទាំងចំណេះដឹងផ្នែកបច្ចេកវិទ្យាផងដែរ» លោកអ៊ុត បូរ៉ាត និយាយនៅក្នុងបទបង្ហាញរបស់លោក។ ភ្ជាប់ជាមួយនឹងបញ្ហាចំណេះដឹងផ្នែកបច្ចេកវិទ្យានេះ ក្រសួងអប់រំក៏បានធ្វើបទបង្ហាញដោយឡែកមួយទៀតផងដែរ ដោយបានធ្វើការឆ្លុះបញ្ចាំងនូវដំណើ៕



Partners