CCOSC
Home » En

សាលាបឋមសិក្សាបរតាំងស៊ូ តស៊ូបង្រៀនសិស្សលើអតីតសមរភូមិក្តៅ

Fri 25 Nov 2016 | | Aide et Action International (AEAI)

កាលពី១០ឆ្នាំមុន លោកគ្រូ វ៉ាន់ វិចិត្រ ដែលកាលនោះមានអាយុ២៦ឆ្នាំ ត្រូវបានមន្ទីរអប់រំក្រុងប៉ៃលិនបញ្ជូនមកបង្រៀននៅសាលាបឋមសិក្សាបរតាំងស៊ូ ដែលជាអតិតសមរភូមិក្តៅមួយនៅព្រំដែនភាគពាយព្យជាប់ខេត្តចាន់បូរីប្រទេសថៃ ។ លោកគ្រូនៅចាំថាទឹកដីដែលធ្លាប់តែសម្បូរដោយត្បូងពេជ្រ ត្រូវបានជំនួសមកវិញដោយគ្រាន់មីន និងគ្រាប់មិនទាន់ផ្ទុះរាប់លានគ្រាប់ដែលនៅលាក់ខ្លួនក្រោមដីរាប់ទសវត្ស ក្រោយពីសង្រ្គាមបានបញ្ចប់ទៅ។

លោកគ្រូបានរំឮកថា ពេលដែលគាត់មកដល់ដំបូង នៅទីនេះសុទ្ធតែព្រៃ និងព័ទ្ធជុំវិញដោយចម្ការមីន។ ការសិក្សាត្រូវចែកជាបីវេន​ដោយសារខ្វះថ្នាក់រៀន គឺវេនទីមួយត្រូវរៀនពីម៉ោង៧ដល់ម៉ោង១០ វេនទីពីរពីម៉ោង១០ដល់ម៉ោង១ថ្ងៃត្រង់ និងវេនទីបីពីម៉ោង២ដល់ម៉ោង៥ល្ងាច។ បន្ថែមអំពីកម្មវិធីសិក្សារបស់ក្រសួងអប់រំ មេរៀនសំខាន់បំផុតនៅពេលនោះ គឺការយល់ដឹងអំពីមីន និងជម្ងឺគ្រុនចាញ់ ។ ទោះ​បី​ជាយ៉ាងណា គាត់កត់សម្គាល់ឃើញថាមិនមានសិស្សណាម្នាក់រងគ្រោះឡើយ លើកលែងតែអតិតសិស្សប្រុសម្នាក់ដែលជាន់មីនដាច់ជើងម្ខាង និងអ្នកភូមិដែលដើរជាន់មីនពេលឃ្វាលគោ ឬទៅរកកាប់អុសក្នុងព្រៃចម្ការមីន ពីព្រោះ កូនសិស្សភាគច្រើនយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រាប់មីន ហើយពួកគេបានចែករំលែកចំណេះដឹងនេះដល់ឪពុកម្តាយរបស់គេទៀតផង។ក្រៅពីគ្រាប់មីន ជម្ងឺគ្រុនចាញ់បានធ្វើឲ្យទាំងគ្រូបង្រៀន សិស្ស និងឪពុកម្តាយរបស់គេស្ទើរគ្រប់ៗគ្នាធ្លាក់ខ្លួនឈឺ។

ប្រមាណជាដប់ឆ្នាំក្រោយមក បន្ទាប់ពីព្រៃឈើត្រូវគេកាប់អស់ និងគ្រាប់មីនភាគច្រើនត្រូវបានគេបោសសម្អាត គ្រោះថ្នាក់ដោយសារគ្រាប់មីន និងជម្ងឺគ្រុនចាញ់បានថយចុះយ៉ាងខ្លាំង នៅក្នុងភូមិ បរតាំងស៊ូ ក៏ដូចជាខេត្តប៉ៃលិនទាំងមូល។ ប៉ុន្តែ វាបានជំនួសមកវិញដោយគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យអ្នកដំណើររងគ្រោះជារៀងរាល់ថ្ងៃ ដូចជាខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជាដែរ។

លោកគ្រូវវិចិត្រនិយាយថា ឥឡូវនេះ គ្រោះថ្នាក់ចរាចរណ៍ស្ថិតនៅលំដាប់លើគេបង្អស់            ដូច្នេះ សាលារបស់គាត់ក៏បានផ្តោតលើសុវត្ថិភាពចរាចរណ៍  ខ្លាំងដូចនឹងមុខវិជ្ជាដទៃទៀត។ សិស្សបានរៀនអំពីស្លាកសញ្ញាចរាចរណ៍ ច្បាប់ចរាចរណ៍មិនមេរៀនដទៃទៀតដែលទាក់ទងនឹង​ចរាចរណ៍ ហើយ​សិស្សប្រមាណជា៨០%បានយល់​​អំពីចរាចរណ៍នេះ។

ទោះបីជាយ៉ាងណា សិស្សដែលរៀននៅសាលានេះ ទាំង១៣៦នាក់កំពុងជួបប្រទះការលំបាកជាច្រើនទៀត ដូចជាផ្ទះនៅឆ្ងាយ​ ហើយផ្លូវធ្វើដំណើរមកសាលារៀននៅមានការលំបាកខ្លាំង។      «សិស្សខ្លះរស់នៅលើភ្នំ ហើយតែងតែមករៀនយឺតយ៉ាវ។ ចំណែកសិស្សខ្លះត្រូវដើរបីម៉ោង ទម្រាំដល់សាលា។
«ប្រសិនបើមានភ្លៀង ពួកគេអត់មករៀនតែម្តង។» អ្នកគ្រូសាវឿននិយាយ ដោយចង្អុលទៅភ្នំខ្ពស់មួយជាប់ទឹកដីថៃ។

កុមារី ពៅ សុផាន់ អាយុ១១ឆ្នាំ រៀនថ្នាក់ទី៣ និយាយថានាងត្រូវក្រោកពីម៉ោង៥កន្លះព្រឹកដើម្បីធ្វើដំណើរមករៀន ហើយនាងតែងតែមករៀនយឺតពីរទៅបីដងក្នុងមួយសប្តាហ៍ ។ នាងនិយាយត្អូញត្អែរថាពួកនាងត្រូវឆ្លងកាត់អូរមួយ ហើយពួកនាងត្រូវនាំគ្នាត្រឡប់ទៅផ្ទះវិញ នៅពេលមានទឹកជន។ ពេលខ្លះ ម៉ូតូរអិលដួល ហើយនាងធ្លាក់ពីលើម៉ូតូ។

កុមារា ម៉ាប់ ជីវ៉ា អាយុ១៨ ជាសិស្សថ្នាក់ទី៦មកពីខេត្តព្រៃវែង និយាយថាកាលពីនៅស្រុកកំណើតគេរៀនថ្នាក់ទី៣ ហើយត្រូវរៀនត្រួតថ្នាក់ជាច្រើនលើកនៅពេលមកប៉ៃលិនជាមួយឪពុកម្តាយរបស់គេ ព្រោះរូបគេត្រូវធ្វើការនៅចម្ការពោតរហូត។ រូបគេទើបតែត្រឡប់មករៀន បានជាប់លាប់វិញ ក្នុងកំឡុងពេល មួយទៅពីរឆ្នាំមុននេះប៉ុណ្ណោះ។

អ្នកគ្រូសាវឿន និយាយថាដោយសារការរៀនសូត្រមិនជាប់លាប់ សិស្សរបស់គាត់រៀនភាសាខ្មែរខ្សោយ ទោះបីជាពួកគេរៀនលេខ និងគណិតវិជ្ជាគ្រាន់បើក្តី។ ដោយសារតែពួកគេខ្សោយភាសាខ្មែរ ពួកគេក៏ពិបាកអានលំហាត់គណិតវិទ្យាដែរ។ ពេលធ្វើចំណោទម្តងៗ គាត់ត្រូវអានឲ្យពួកគេស្តាប់់ជាច្រើនលើកទម្រាំពួកគេយល់។



Partners