CCOSC

សមាភាគ​របស់​យើង

គម្រោង​ដៃ​គូ​រួម​គ្នា​ធ្វើ​ការ​កំណត់​និយមន័យ​ ចំពោះ​កុមារ​ដែល​បាត់​បង់​ឱកាស​ថា​ ជា​កុមារ​ដែល​មិន​បាន​ចូល​រៀន​​ ជា​កុមារ​ដែល​បោះ​បង់​ការ​សិក្សា​ ឬ​ជា​កុមារ​ដែល​មិន​បាន​ចូល​រៀន​ក្នុង​ទម្រង់​ណា​មួយ​នៃ​ការ​អប់រំ​ដែល​មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវ​។​ ក្នុង​ប្រទេស​កម្ពុជា​ ពួក​គេ​អាច​ត្រូវ​បាន​ចែក​ចេញ​ជា​ ៥​ ក្រុម​ធំ​ៗ​ ហើយ​ដែល​ក្រុម​នីមួយៗ​មាន​បញ្ហា​ប្រឈម​ផ្សេងៗ​ពី​គ្នា​។


© CCOSC/Save the Children

បរិបទ

ភាពក្រីក្រ និងការនៅដាច់ស្រយាលពីគេ គឺជាឧបសគ្គដ៏ចម្បងចំពោះការទទួលបាននូវការ​អប់រំ​។ យោងតាមការធ្វើអង្កេតដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិស្ថិតិបានបង្ហាញថា  ២៤,៦% នៃ​​កុមារ ដែលមានអាយុចន្លោះពី ៦-១៧​ ឆ្នាំ  មិនបានចូលរៀន  ដោយសារពួកគេ​ត្រូវ​ធ្វើការ​រកប្រាក់​ដើម្បីយកមក​ផ្គត់ផ្គង់គ្រួសារ។ ភាគច្រើននៃអ្នកក្រីក្រខ្លាំង គឺ​​រស់នៅក្នុង​តំបន់​​​ដាច់ស្រយាល​​ ដែល​វា​ជាកន្លែងដែលមាន​ផលធៀប​សិស្សខ្ពស់បំផុត​នៅក្នុង​សាលារៀន​។

 

 ការបោះបង់ការសិក្សា​ដើម្បីទៅរក​ការងារ​ធ្វើកំពុងក្លាយ​ជាបញ្ហាដ៏​ស្រួចស្រាវ ដោយសារតែ​មានវត្តមាន ចំការកៅស៊ូ និងរោងចក្រកាត់ដេរច្រើននៅក្នុងតំបន់​ទាំងនោះ។  លើសពីនេះ​ទៅ​ទៀត  យោងតាមប្រព័ន្ធព័ត៌មានគ្រប់គ្រងការអប់រំឆ្នាំ​ ២០១២-២០១៣ អត្រារួមនៃការ​ចុះឈ្មោះចូលរៀន​មានចំនួន  ១៣១,៩៦%  អត្រាពិតនៃការចូលរៀន​​មានចំនួន ៩៦,៣៣%  និងអត្រាបោះបង់ការសិក្សា មានចំនួន ១១,២៦%។ នេះឆ្លុះបញ្ចាំង​ឲ្យឃើញ​ថាមាន​កុមារ​ចំនួន ៣៥,៦៣% ដែលបានចុះឈ្មោះ ប៉ុន្តែមិនបានចូលរៀន រួម​ជាមួយនឹងកុមារចំនួន​១១,២៦% ដែលបានបោះបង់ការសិក្សា។ ទាំងអស់នោះគឺជា​កុមារ​ដែលបាត់បង់​ឱកាស​ចូលរៀន​។ ទីប្រជុំជន  និងជនបទ​នៅតែមានភាពខុសគ្នាយ៉ាងច្រើន។ កុមារនៅតាម​តំបន់​ជនបទ  ជាពិសេស​ក្រុមកុមារ​ជនជាតិដើមភាគតិចមានឱកាសតិចតួចក្នុង​ការទទួលបាន​ការ​អប់រំកម្រិត​មូលដ្ឋានប្រកប​ដោយគុណភាព។

 

សកម្មភាព

 

ដើម្បីកំណត់អត្តសញ្ញាណ  ចុះឈ្មោះកុមារឲ្យចូលរៀន  រក្សាកុមារឲ្យបន្តការសិក្សា​ និង​ធានា​គុណភាពអប់រំសម្រាប់កុមារបាត់បង់ឱកាស  កម្មវិធីនឹងផ្តល់ការអន្តរាគមជាច្រើន ដូចជា ការកែលម្អប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀនដោយការបង្កើត ឬការធ្វើ​បច្ចុប្បន្ន​ភាព​​​ផែនទីខ្នងផ្ទះ  ដើម្បីកំណត់អត្តសញ្ញាណកុមារដែលបាត់បង់ឱកាស​នៅក្រៅ​សាលា​​ការជម្រុញការធ្វើយុទ្ធនាការប្រមូលសិស្សចូលរៀនប្រកប​ដោយ​ប្រសិទ្ធិភាព​ ​ដែល​រៀបចំ​ឡើង​ដោយគណៈកម្មការទ្រទ្រង់សាលារៀន  រូមជាមួយ​និងការចូលរួមពី​កុមារ  និង​គ្រូ​បង្រៀន  ការកែលម្អសម្ភារៈបរិក្ខាសាលារៀន ដោយមានការ​ចូលរួម​វិភាគទាន​ពី​សហគមន៍ ​ ជាពិសេសនៅតំបន់ដែលទើបរៀបចំថ្មី ការផ្តល់មធ្យោបាយ​​ដល់កុមារ​ដែល​បាត់បង់​ឱកាស​ដើម្បីឲ្យពួកគេបានចូលរៀន​នៅ​បឋមសិក្សា   ការពង្រឹងគរុកោសល្យ​បង្រៀន ​ និងខ្លឹមសារមេរៀនឲ្យឆ្លើយ​តបទៅនឹង​តម្រូវការរបស់កុមារដែលបាត់បង់ឱកាស  ការលើកកម្ពស់​​ការចូលរួមរបស់អ្នកពាក់ព័ន្ធនៅតាមមូលដ្ឋាន(គណៈកម្មការទ្រទ្រង់​សាលា​រៀន​   ក្រុមប្រឹក្សាកុមារ   គណៈកម្មាធិការឃុំ/សង្កាត់ទទួលបន្ទុកកុមារ  និង ស្រ្តី) ដើម្បី​ជម្រុញ​​ការចុះ​ឈ្មោះចូលរៀន  និងការគ្រប់គ្រងសាលារៀន  ការលើកកម្ពស់​ជីវភាព​រស់នៅ​​របស់​ក្រុមគ្រួសារកុមារដែលបាត់បង់ឱកាស​​ ដើម្បីឲ្យពួកគេអាចមានលទ្ធភាព​បញ្ជូន​​កូន​ទៅសាលារៀន​ និងជាចុងក្រោយ​ការកែលម្អការពិនិត្យតាមដានរបស់​សាលា​រៀន​​​​​ប្រកបដោយ​​ប្រសិទ្ធផល​ ​ និងការផ្តល់បច្ចេកទេស​ចាំបាច់នានា​ដល់​លោកគ្រូអ្នកគ្រូ និង​ថ្នាក់​ដឹកនាំសាលា​រៀន​ដើម្បីជួយគាំទ្រដល់កុមារដែលបាត់បង់​ឱកាស​។ 

 

លើសពីនេះទៀត  កម្មវិធីបានធ្វើយុទ្ធនាការស្វែងរកការគាំទ្រមតិ និងធ្វើការសិក្សា​ស្រាវជ្រាវ​​ពីថ្នាក់សហគមន៍រហូតដល់ថ្នាក់ជាតិ ដូចជាការរៀបចំធ្វើវេទិកាសហគមន៍  ការ​ចែករម្លែកបទពិសោធន៍ល្អៗ​តាមរយៈ អង្គការភាពជាដៃគូអប់រំនៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល  ការ​ពិគ្រោះយោបល់ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា  និងការជម្រុញ​អ្នកធ្វើ​គោល​នយោបាយ​ឲ្យមាន​ការ​ប្តេជ្ញា​​ចិត្តជួយដល់កុមារដែល​បាត់បង់​ឱកាស​។

 

ផលជះ

 

គម្រោងនឹងដៅយកកុមារបាត់បង់ឱកាសចំនួន ២៨៦៥០ នាក់ ដែលក្នុងនោះ ៥០% ជា​កុមារី  គ្រូបង្រៀនចំនួន ១៧៧១ នាក់ និងសមាជិក​គណៈកម្មការ​ទ្រទ្រង់សាលា ចំនួន ២៣៨២ នាក់  នាយកសាលាចំនួន ៤០៤ នាក់  ឪពុកម្តាយចំនួន ៨៤៨៨០នាក់ និង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផេ្សងៗទៀត ជាអ្នក​ទទួលផល​ផ្ទាល់។


ដៃ​គូ​

ព័ត៌មាន

បរិបទ
 
ចំនួនកុមារដែលរស់នៅ និង ឬធ្វើការនៅតាមចិញ្ចើមថ្នល់នៅក្នុងប្រទេសកម្ពុជា ត្រូវបាន​គេប៉ាន់ប្រមាណថាមានចំនួនពី​ ១២ ០០០ ដល់ ២០ ០០០នាក់ និងមានការកើនឡើងក្នុង​អត្រា ២០% ក្នុងមួយឆ្នាំ។ ដោយសារភាពក្រីក្រ និងស្ថានភាពរស់នៅមិនឋិតឋេរ កុមារ​ទាំង​នេះ ងាយរងគ្រោះដោយសារការកេងប្រវ័ញ្ច ជំងឺដង្កាត់  ការរំលោភបំពាន​ផ្លូវភេទ  ការ​ជួញ​ដូរ  និងអំពើហិង្សា។ល។ ការរស់នៅមិនជាអចិន្រ្តៃយ៍គឺមិនអាច​ឲ្យពួកគេ​ទៅរៀន​បាន​ឡើយ ដែលនេះគឺជាមូលហេតុធ្វើឲ្យពួកគេអវត្តមានច្រើន  រៀនត្រួតថ្នាក់ និង​បន្ទាប់​មក​​បោះបង់ចោលការសិក្សា។​
 
ការជួញដូរកុមារ និងការធ្វើចំណាកស្រុកដែលគ្មានសុវត្ថិភាពគឺជាបញ្ហាប្រឈមដ៏ធំ។ កត្តា ជាច្រើនដែលរួមចំណែកក្នុងបញ្ហាទាំងនេះ ជាពិសេស ភាពក្រីក្រ ដែល​ជា​កត្តាដ៏​សំខាន់​មួយ និងកត្តាផ្សេងៗទៀតដូចជា កង្វះខាតការអប់រំ  អំពើហិង្សា​ក្នុងគ្រួសារ  ការគ្មាន​ការងារ​ធ្វើ  និងកង្វះខាតឱកាសក្នុងការធ្វើចំណាកស្រុក​ប្រកប​ដោយ​សុវត្ថិភាព។
 
សកម្មភាព
 
គោលដៅរបស់គម្រោងគឺគាំទ្រការអនុវត្តផែនការជាតិអប់រំសម្រាប់ទាំងអស់គ្នា ឆ្នាំ ២០០៣-២០១៥ រួមបញ្ចូលទាំងគោលនយោបាយសាលាកុមារមេត្រី និងគាំទ្រការសម្រេច​គោលដៅទី ២ នៃគោលដៅអភិវឌ្ឍសហសវត្ស តាមរយៈការជំរុញឲ្យទទួលបាន​ការ​អប់រំ​​ប្រកប​ដោយ សមធម៌ និងការលើកកម្ពស់គុណភាព​អប់រំ ។
 
ដើម្បីធានា​ឲ្យបាន​នូវលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌  គម្រោង​នឹងធ្វើ​យុទ្ធនា​ការប្រមូលកុមារដែលបាត់បង់ឱកាសឲ្យ​ចុះឈ្មោះចូលរៀន​​​​ ធ្វើផែនទីខ្នងផ្ទះ  ផ្តល់​អាហារូបករណ៍ដល់កុមារក្រីក្រ​ទៅតាមលក្ខណៈវិនិច្ឆ័យ   និងសម្របសម្រួលកិច្ចប្រជុំ​ជាមួយ​ឪពុកម្តាយ គ្រូបង្រៀន  និងអ្នកពាក់ព័ន្ធដទៃទៀតអំពីការធ្វើអន្តរាគម​លើការ​សិក្សា​របស់​កុមារ  និងការធ្វើសមាហរណកម្មពួកគេទៅក្នុងសហគមន៍វិញ។
 
ពាក់ព័ន្ធនឹងប្រសិទ្ធិភាពនៃការបង្រៀន និងរៀន  គម្រោងបានបង្កើតមណ្ឌល​សម្រាប់​​បំប៉ន​ដល់កុមារដែលបាត់បង់ឱកាស បើកថ្នាក់​ចូល​រៀន​ឡើងវិញ សម្រាប់​កុមារ​ដែល​បោះបង់ បើកថ្នាក់ត្រៀមបឋមសិក្សានៅសាលារៀនរដ្ឋ  ធ្វើការតាមដាន និងគាំទ្រជាប្រចាំ​ដល់​កុមារ​គ្រប់រូប។ គម្រោងក៏ផ្តល់ការបណ្តុះបណ្តាលគ្រូ  រៀបចំបណ្ណាល័យចល័ត សម្រាប់​ឪពុកម្តាយ  និងផ្តល់ការលើកកម្ពស់ការយល់ដឹងដល់ថ្នាក់គ្រប់គ្រងសាលារៀន អាជ្ញាធរ​មូលដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀត។
 
គម្រោងក៏ខិតខំប្រឹងប្រែងផងដែរក្នុងការកសាងសមត្ថភាពសហគមន៍  អាជ្ញាធរមូលដ្ឋាន និងអ្នករដ្ឋបាលសាលារៀនដើម្បីធ្វើឲ្យ​ពួកគេមានជំនាញ និងភាពជឿជាក់ក្នុងការចូលរួម  និងមានភាពជាម្ចាស់ក្នុងការគាំទ្រការអនុវត្តគម្រោង។
 
ផលជះ
 
គម្រោងដៅយកកុមារនៅក្រៅសាលាចំនួន ៥ ២៧០ នាក់ ជាអ្នកទទួលផលផ្ទាល់។ គម្រោង​ក៏កំណាត់យកគ្រូបង្រៀនចំនួន ៧២២ នាក់ សមាជិកគណៈកម្មការ​ទ្រទ្រង់​សាលា​ចំនួន ២៦២០ នាក់  ឪពុកម្តាយ  និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាអ្នកទទួលផលដោយ​ប្រយោល។ 

ដៃ​គូ​

ព័ត៌មាន

© CCOSC/EpicArts

បរិបទ

 

ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមនិងការដាក់ឲ្យនៅឯកោ​ អស់រយៈ​ពេលពីរទសវត្ស ដែលនេះបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សង្គម  និងធនធាន​មនុស្ស​អស់ជា​ច្រើន​។ សង្គ្រាមបានបន្សល់ទុកនូវអត្រាជនពិការដ៏ខ្ពស់ដែលមាននៅ​គ្រប់​វ័យ​។ 

 

ចំនួន​ដ៏ច្រើននេះក៏អាចបណ្តាលមកពីភាពក្រីក្រ  កង្វះអាហារូបត្ថម្ភ និងជំងឺ ដែល​ជាង​ពាក់​កណ្តាល​ជាជំងឺដែលអាចបង្ការបាន។ នៅប្រទេស​កម្ពុជា​​ ពុំទាន់មានស្ថិតិ​ប្រេវ៉ាឡង់នៃ​ជនពិការ ដែលអាចជឿជាក់បាននៅ​ឡើយទេ។ ទិន្នន័យចុងក្រោយដែល​បានបោះពុម្ព​ផ្សាយ​ដោយ វិទ្យាស្ថានជាតិស្ថិតិកម្ពុជានៅឆ្នាំ ២០១១ បានប៉ាន់ប្រមាណថា ៨,១% នៃ​ចំនួន​​ប្រជាជន​កម្ពុជាសរុប មានពិការភាព។

 

កុមារពិការ គឺជាក្រុមងាយរងគ្រោះបំផុតនៅ​ក្នុង​ប្រទេស និងមានចំនួនតិចតួចបំផុត​ដែល​បាន​ចូលរៀន (អង្គការទស្សនៈពិភពលោក ឆ្នាំ២០០៤)។ ការធ្វើអង្កេតប្រេវ៉ាឡង់ជនពិការ​នៅឆ្នាំ ២០១១ ដែលបានរៀបចំធ្វើដោយ​អង្គការ UNICEF  បានបង្ហាញថា នៅខណៈដែល​កុមារធម្មតានៅប្រទេសកម្ពុជា មានអត្រា​បោះបង់​ការសិក្សា ចំនួន១៥%  អត្រាបោះបង់​ការសិក្សារបស់កុមារពិការមានរហូតដល់ ៣០%។  ការសិក្សាមួយទៀតដែលបានរៀបចំ​ធ្វើ​ដោយ​គម្រោងភាពជាដៃគូអប់រំ​ជា​សាកល​​នៅឆ្នាំ ២០១២ នៅក្នុងខេត្តចំនួន៧ នៃ​ប្រទេស​កម្ពុជា បានបង្ហាញថាមាន ៥៨,១% នៃកុមារពិការកម្រិតធ្ងន់ធ្ងរ មិនដែលបាន​ចូល​រៀនទាល់តែ​សោះ (៤៦% ជាកុមារពិការ​កម្រិត​មធ្យម)។

 

សកម្មភាព

 

គម្រោងមានបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំបញ្ចូលគ្នានៅប្រទេសកម្ពុជា។

 

គោលការណ៍នៃការអប់រំបញ្ចូលគ្នាត្រូវបានអនុម័តនៅក្នុងសនិ្នសីទពិភពលោក​ស្តីពីការ​អប់រំសម្រាប់កុមារដែលមានតម្រូវការពិសេស នៅសាឡាម៉ានកា ​​និងបានបង្កើតឡើង​ដោយ​​ពឹងផ្អែក​លើ មូលដ្ឋានដែលយល់​ឃើញថា “វាជាការទទួលខុសត្រូវរបស់​ប្រព័ន្ធអប់រំ​ទូទៅក្នុ​ងការ​ផ្តល់ការអប់រំដល់​កុមារ​ទាំងអស់” ។

 

ដោយការឆ្លើយតប​ជាក់លាក់ទៅនឹង​ប្រព័ន្ធអប់រំនៅកម្ពុជា​ស្តីពីការធ្វើ​សមាហរណកម្ម​កុមារ ពិការដែលមិនបានចូលរៀន   គម្រោងនេះនឹងរួមចំណែកក្នុងការផ្លាស់ប្តូរប្រព័ន្ធអប់រំឲ្យ​មាន​ការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗពីគ្នារបស់កុមារ។

 

គម្រោងមានបំណង​បង្កើត​ឲ្យមានជាលំនាំនៃថ្នាក់រៀនសមាហរណកម្មក្នុងសាលារដ្ឋ  និង​បណ្តុះបណ្តាលគ្រូបង្រៀនសម្រាប់កុមារពិការពីកម្រិតស្រាលដល់កម្រិតធ្ងន់ ដើម្បី​ឲ្យកុមារ​ទាំងនោះបានទៅរៀននៅក្នុងថ្នាក់សមាហរណកម្ម ឬថ្នាក់អប់រំពិសេស​។ គម្រោងជួយ​គាំទ្រ​ទៅដល់គ្រួសារកុមារពិការតាមរយៈសកម្មភាពបង្កើតប្រាក់ចំណូល និងការផ្តល់​វិធីសាស្រ្ត​ក្នុងការថែទាំកូន។ ជាចុងក្រោយ  គម្រោងនឹងធ្វើការ​ស្វែងរក​ការគាំទ្រ​មតិ​អំពី​សិទ្ធិ​មនុស្ស​ ជាពិសេស សិទ្ធិកុមារពិការនៅថ្នាក់សហគមន៍ និងនៅ​ថ្នាក់ជាតិ។

 

ផលជះ

 

តាមរយៈផលជះរបស់គម្រោង  យ៉ាងហោចណាស់មានកុមារបាត់បង់ឱកាស​​​ចំនួន ១៨៨៤ នាក់ ជាពិសេសកុមារពិការកាយសម្បទា និងកុមារខ្សោយសតិ​បញ្ញា បានទទួលការអប់រំ​ដែល​មានគុណភាព ដើម្បីជួយឲ្យ​ពួកគេអាចចូលរួមយ៉ាង​សកម្ម​ក្នុងសង្គមនៅពេល​អនាគត​។  គ្រូបង្រៀនចំនួន ១១៥១ នាក់ នឹងទទួលបានការ​បណ្តុះ​បណ្តាល​ពីវិធីសាស្ត្រ​អប់រំបញ្ចូលគ្នា និងអប់រំពិសេសចំពោះគ្រូដែលបង្រៀន​កុមារខ្សោយសតិបញ្ញា។ នាយក​សាលាចំនួន ២១០ នាក់ នឹងទទួលបានការបំប៉នពីការ​កំណត់អត្តសញ្ញាណ និងទទួល​យក​កុមារពិការឲ្យចូលរៀនក្នុង​សាលា​​របស់​ពួកគាត់។ ឪពុកម្តាយចំនួន​ ១៦៨០នាក់​ នឹង បានយល់ដឹងពេញលេញ​អំពី​​សក្តានុពល​របស់​កុមារ និងអត្ថប្រយោជន៍ដែល​ឲ្យកុមារទៅ​រៀន។ ឪពុកម្តាយចំនួន ៦៤៣នាក់ ក្នុងចំណោមឪពុកម្តាយទាំងអស់នឹងអាចចាប់ផ្តើម សកម្មភាពបង្កើតប្រាក់​ចំណូល​។

 

អាជ្ញាធរមូលដ្ឋាន  ប្រតិបត្តិករអប់រំនានា  ក្រុមកុមារនៅក្នុងសាលាសមាហរណកម្ម នឹង​មាន​ការយល់ដឹង​ប្រសើរជាងមុន​អំពីពិការភាព ​ ហើយនឹងអាចសមារណកម្មកុមារពិការ​ដទៃ​ទៀត ទៅ​នៅក្នុងសហគមន៍។


ដៃ​គូ​

ព័ត៌មាន

© CCOSC/KAPE

បរិបទ

 

កុមារជនជាតិដើមភាគតិចគឺមានចំនួនច្រើនក្នុងខេត្តចំនួន៥នៅប៉ែកខាងជើងនៃប្រទេស កម្ពុជា ជាពិសេសខេត្តមណ្ឌលគិរី ​ និងរតនៈគិរី  ដែលនៅទីនោះអត្រាឆ្លងភូមិសិក្សា​ទៅមធ្យម​សិក្សាបឋមភូមិមានកម្រិតទាបបំផុតនៅក្នុងប្រទេស។  ភាពដាច់ស្រយាល​ក្នុង​តំបន់​​ព្រៃភ្នំនៅប៉ែកឦសាន  រនាំងភាសា  និងវប្បធម៌ដែលបន្ថែមពីលើភាពក្រីក្រ  គឺជា​កត្តា​រារាំងដល់​ការ​ទទួល​បាន​ការអប់រំ​របស់កុមារជនជាតិដើមភាគតិច ដូចជា ជនជាតិ​ព្នង កួយ ទំពួន និងគ្រឹង។ នេះជាហេតុធ្វើឲ្យសមិទ្ធផលសិក្សាកុមារទាប    និងអត្រា​បោះបង់​របស់​​ពួក​គេ​ខ្ពស់ ដែលនាំឲ្យមានការផាត់ពួកគេចេញ​ពីសហគមន៍​រស់នៅរបស់​ពួកគេ។  

 

ដូចគ្នានេះដែរ  កុមារនៅក្នុងខេត្តត្បូងឃ្មុំ  និងក្រចេះ ក៏មិនបានទទួលការអប់រំ ដោយសារ​មូលហេតុ​ស្រដៀងគ្នា។​ តំបន់គោលដៅទាំងនេះមានកុមារជនជាតិដើមភាគតិចជាច្រើន ដូច ជាជនជាតិចាម  ព្នង  និងកួយ  និងកុមារដទៃទៀតដែលក្រុមគ្រួសារ​របស់ពួកគេ​ធ្វើ​ការ​នៅក្នុងចំការធំៗ ដូចជា ចម្ការដំឡូងមី ចម្ការកៅស៊ូ ចម្ការថ្នាំជក់  និងចម្ការដំណាំ ផ្សេងៗ​​ទៀត​។ សាលារៀនគោលដៅបានរាយការណ៍ថាមានអត្រាបោះបង់ខ្ពស់ ជា ពិសេស​ពីថ្នាក់ទី ៤ ដល់ទី ៦ ព្រោះកុមារទាំងនេះទៅធ្វើការ ក្នុងចម្ការទាំងមិនទាន់គ្រប់ អាយុ។​ អត្រា​បោះបង់ក្នុងស្រុកគោលដៅ មានចន្លោះពី ១៣% ទៅ ៣០% អាស្រ័យ ទៅ លើការដែល​រស់នៅជិតចម្ការ និងរោងចក្រ។

 

សកម្មភាព

 

គម្រោងមានបំណងជួយដល់កុមារជនជាតិដើមភាគតិចឲ្យទទួលបានការអប់រំ និងនៅ​បន្តការសិក្សារហូតដល់ចប់បឋមសិក្សា។ គម្រោងនឹងបង្កើតឲ្យ​មាន​ការអប់រំពហុភាសា ដែលនេះគឹជាយុទ្ធសាស្រ្តជោគជ័យមួយ ដើម្បីធានានូវការទទួល​បាន​​ការអប់រំ និង លទ្ធផល​ល្អក្នុងការសិក្សា នៅកម្រិតបឋមសិក្សា​សម្រាប់​កុមារជនជាតិដើមភាគតិច។ ដូច្នេះ ​ សកម្មភាពអប់រំ​ថ្នាក់ពីរភាសានឹងត្រូវផ្តល់ឲ្យ​គ្រប់ក្រុមគោលដៅទាំងអស់របស់ គម្រោង។ លើសពីនេះទៀត គម្រោងក៏ពង្រឹងចំណេះដឹង និងសមត្ថភាពរបស់អ្នកពាក់ព័ន្ធ ផ្សេងៗ ជាពិសេសប្រតិបត្តិករអប់រំ និងឪពុកម្តាយ​សិស្ស​ដើម្បី​ផ្តល់ការគាំទ្រដល់កុមារឲ្យ ទទួលបានការអប់រំប្រកបដោយគុណភាពនៅគ្រប់​កម្រិត​ទាំងអស់ក្នុងបឋម​សិក្សា​។  

 

ជាលទ្ធផលពីការធ្វើផែនទីខ្នងផ្ទះ និងផែនការអភិវឌ្ឍសាលារៀន  អង្គការ  សកម្មភាព​សម្រាប់​បឋមសិក្សានៅកម្ពុជា (KAPE) បាន​ផ្តោត​លើការចូលរៀនប្រកបដោយសមធម៌  និង​គុណភាពអប់រំ​តាម​រយៈ​ការកសាង​សមត្ថភាព និងការចូលរួមរបស់គណៈកម្មការ​នៅ​តាម​​​មូលដ្ឋាន (គណៈកម្មការ​ទ្រទ្រង់​សាលា  ក្រុមប្រឹក្សាឃុំជាដើម)។ ការអន្តរាគមរបស់ KAPE រួមមាន ការសាងសង់​ថ្នាក់​រៀនជាបណ្តោះអាសន្នសម្រាប់​កុមារតូចៗដែល​នៅឆ្ងាយ​ពី​សាលារៀន   ការផ្តល់​អាហា​រូបករណ៍​​ដល់សិស្សដែលក្រីក្រ​បំផុតក្នុងចំណោមសិស្ស​ដែល​​ក្រីក្រ  ការបញ្ជូន​ទៅ​រក​សេវា​សុខភាព  និងការរៀបចំ​បណ្តាញកុមារជួយកុមារ  ដែល​ទាំង​នេះ​គឹជាមធ្យោបាយ​ដើម្បី​ជួយកុមារឲ្យ​ទទួលបានការ​អប់រំនៅកម្រិតបឋម​សិក្សា។  

 

គម្រោងក៏ផ្តោតផងដែរលើការពង្រឹងថ្នាក់រៀន និងការរៀបចំប្រព័ន្ធត្រួតពិនិត្យគ្រូបង្រៀន​នៅតាមមូលដ្ឋាន ដើម្បីធានាថាគុណភាពនៃការបង្រៀនរបស់ពួកគាត់មានភាព​ប្រសើរ​ឡើង ព្រមទាំងឆ្លើយតបចំតម្រូវការរបស់កុមារដែលបាត់បង់ឱកាស​ ហើយ​និង​ធានាឲ្យ​បាន​ថា​​លទ្ធផលសិក្សារបស់សិស្ស​មានភាពប្រសើរឡើង។ គ្រួសារកុមារដែលបាត់បង់​ឱកាស​​ត្រូវបានកំណត់អត្តសញ្ញាណ ហើយ​ពួកគាត់នឹងយល់ដឹងពីសារៈសំខាន់នៃការ​អប់រំ​តាម​រយៈការចូលរួមក្នុង​សិក្ខាសាលា​ស្តីពីការស្វែងរកការគាំទ្រមតិ។

 

ផលជះ

 

អ្នកទទួលផលផ្ទាល់របស់គម្រោងមានកុមារជនជាតិដើមភាគតិច ដែលចុះឈ្មោះ​ចូលរៀន​ថ្មី ចំនួន ៣៩៩៤ នាក់ ហើយ៨០% នៃពួកគេនៅបន្ត​ការសិក្សា​​រហូតដល់ចប់បឋមសិក្សា។ ផលជះរបស់​គម្រោង​ផ្តោតលើការកើនឡើងនៃអត្រាចុះឈ្មោះចូលរៀន និងអត្រា​បន្ត​ការ​សិក្សា​របស់កុមារជនជាតិដើមភាគតិច។ 


ដៃ​គូ​

ព័ត៌មាន

បរិបទ

 

យោងតាមក្រសួងអប់រំ យុវជន និងកីឡា នៅកម្ពុជា អត្រាពិតនៃការចុះឈ្មោះចូលរៀន​​នៅ​បឋមសិក្សា គឺគួរឲ្យចាប់អារម្មណ៍ណាស់។ ទោះបីយ៉ាងណាក៏ដោយ  សិស្ស​ភាគច្រើន​បាន​ចុះឈ្មោះចូលរៀន ប៉ុន្តែពួកគេមួយចំនួនមិនបានចូលរៀនទេ។ ពួកគេភាគច្រើន​មិន​បាន​ចូលរៀន ឬចូលរៀនមិនបានគ្រប់ចំនួនខែ ឬឆ្នាំទេ រួចហើយបានបោះបង់ការសិក្សា​មុនពេលបញ្ចប់បឋមសិក្សា ដែលមានរយៈពេល៦ឆ្នាំ។ ដោយសារតែគ្រួសារមានការ​លំបាក​ផ្នែកសេដ្ឋកិច្ច  កុមារទាំងនោះត្រូវធ្វើការដើម្បី​រកប្រាក់ចំណូល​ជួយផ្គត់ផ្គង់គ្រួសារ ជំនួសឲ្យការទៅសាលារៀន។ ជារឿយៗ គ្រួសារមិនអាចមានលទ្ធភាពទិញឯកសណ្ឋាន ​ និងសម្ភារៈសិក្សាឲ្យកូនទៅរៀនបានទេ។ នៅពេលកុមារមិនបានទៅរៀនមួយឆ្នាំ ឬយូរ​ជាង​​​នេះ​  ពួកគេនឹងមាន​អាយុ​លើសកុមារដទៃទៀតនៅក្នុងថ្នាក់រៀនជាមួយគ្នា នៅពេល​ពួក​​គេ​​​សម្រេច​​ចិត្ត​ចូល​រៀន​​ជាថ្មី។ ជារឿយៗ វាមានការលំបាកក្នុងការរក្សាកុមារដែល​មាន​អាយុច្រើន​ឲ្យនៅបន្តការរៀនសូត្រណាស់ ដោយសារពួកគេត្រូវរងការសើចចំអក និង​​រើស​អើង​​ពីសំណាក់កុមារ​ដទៃ​ទៀត។

 

ដោយយោងតាមការវិភាគស្ថានភាពរបស់កុមារ និងស្រ្តីនៅកម្ពុជានៅឆ្នាំ ២០០៩  ស្ថិតិនៅ ឆ្នាំសិក្សា ២០០៧-២០០៨ បានបង្ហាញថាអត្រាពិតនៃការចុះឈ្មោះចូលរៀន​នៅបឋម​សិក្សា​​​មាន ៩៣,៣% (៩២,៧% នៅទីប្រជុំជន, ៩៣,៦% នៅជនបទ​និង  ៨៨,៤%​នៅតំបន់​ដាច់​​ស្រយាល)​។ កុមារដែលមានអាយុច្រើនមាន ៥០,៣%។ នៅតំបន់ទីប្រជុំជន មួយ​ភាគបី​នៃ​កុមារ​ដែលចុះឈ្មោះ​ចូលរៀនថ្នាក់ទី១ ជាកុមារដែលមាន​អាយុច្រើន(៣៣,៥%) ហើយនៅ​តំបន់​ជនបទអត្រាកុមារដែលមានអាយុច្រើន​​​មានច្រើន​ជាងមួយភាគបី​(៣៦,៤%)​។ អត្រា​ជា​មធ្យមនៅថ្នាក់ជាតិមាន ៣៦,៧%។ ដូច្នេះហើយ ជាអនុសាសន៍យើងត្រូវ​បន្ត​ការ​​យក​ចិត្ត​ទុកដាក់ និងផ្តល់​កិច្ច​អន្តរាគម​ដោយឆ្លើយតបទៅនឹងបរិបទវប្បធម៌​  ជាពិសេស​សម្រាប់​​ខេត្តដាច់ស្រយាលដែល​នៅតាមព្រំដែន។ (UNICEF, 2009) 

 

សកម្មភាព

 

ដើម្បីធានាថាកុមារដែលមានអាយុច្រើនបានចូលរៀនក្នុងកម្មវិធីពន្លឿនការសិក្សា អង្គការ​ដើម្បីភាពញញឹមនៃកុមារ  (PSE) បានផ្តល់កិច្ចអន្តរាគមន៍ជា​យុទ្ធសាស្រ្ត​ រួមមាន  ការ​កំណត់​អត្តសញ្ញាណគ្រួសារដែល​មាន​កុមារមាន​អាយុច្រើន ​ដើម្បីឲ្យពួកគេទទួលបាន​ការ​អប់រំ​​នៅ​​បឋមសិក្សា និងការផ្តល់អាហារូបករណ៍សម្រាប់ពួកគេ។ ដើម្បីលើកកម្ពស់​គុណភាពនៃ​​ការរៀន និងការបង្រៀន ក៏ដូចជា​ការ​បង្កើន​សមត្ថភាពបុគ្គលិកសាលារៀន​អង្គការ​PSE ​ ​ និងក្រសួងអប់រំ  យុវជន  និងកីឡា  បាន​ផ្តល់វគ្គបណ្តុះបណ្តាលគ្រូ ​  និងនាយកសាលា អំពីការប្រើប្រាស់សៀវភៅសិក្សាដែលបង្កើតឡើងយ៉ាងជាក់លាក់​សម្រាប់​​កម្មវិធីពន្លឿនការសិក្សា ការត្រួតពិនិត្យតាមដានការសិក្សារបស់សិស្ស  ការពិនិត្យ​មើលឡើងវិញទៅលើកម្មវិធី  និងការឆ្លុះបញ្ចាំងអំពីការអនុវត្ត ​និងការកែរលម្អ​គម្រោង។

 

អង្គការ PSE ក៏ធ្វើការផងដែរជាមួយអាជ្ញាធរមូលដ្ឋាន​ដែល​ទទួលបន្ទុកផ្នែកអប់រំដើម្បី​ដាក់​បញ្ចូល​កុមារដែលមានអាយុច្រើន​​ទៅក្នុងផែនការអភិវឌ្ឍសហគមន៍  ការរៀបចំធ្វើថ្នាក់​និទស្សន៍​​ដោយ​គ្រូ​ឧទេ្ទសថ្នាក់ខេត្ត និងថ្នាក់ជាតិ  ការពិនិត្យតាមដានដែលធ្វើឡើងដោយ​ក្រុម​បំប៉ន និង​ត្រួតពិនិត្យតាមដានថ្នាក់ស្រុក ​ និងរៀបចំកិច្ចប្រជុំទៀងទាត់ស្តីអំពី​ប្រសិទ្ធិភាព​​នៃការ​គ្រប់គ្រង។ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍​និង​ប្រតិបត្តិករ​ដែល​ធ្វើការងារ​​អប់រំ  អំពីតម្លៃ​នៃ​ការអប់រំ យុទ្ធនាការអប់រំត្រូវបានធ្វើឡើង​ជាមួយ​នឹង​​ការ​ចែក​ប័ណ្ណ​ព័ត៌មានដល់សហគមន៍ក្នុងកិច្ចសហការជាមួយមេឃុំ មេភូមិ សាលារៀន និង​ការិយាល័យ​អប់រំស្រុក ដោយបន្ថែមពីលើកិច្ចប្រជុំជាមួយមាតាបិតាសិស្ស​​​និងបញ្ជ្រាប​កម្មវិធី​​​ពន្លឿនការសិក្សានៅក្នុងពេលបើកបវេសនកាល។ លើសពីនេះទៀត គម្រោងបាន​ផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងពី​សារៈសំខាន់​នៃកម្មវិធីពន្លឿន​ការ​សិក្សា​ដល់​អ្នកពាក់ព័ន្ធ  និងអង្គការដៃគូដែលធ្វើការ​ជាមួយកុមារ​ដែលមាន​​អាយុច្រើន​។  

 

ផលជះ

 

អ្នកទទួលផលផ្ទាល់៖ គម្រោងបានកំណត់យកកុមារចំនួន ២០​ ១០០ នាក់ជាអ្នក​ទទួល​ផល​​​ផ្ទាល់ ក្នុងរយៈពេលបីឆ្នាំកន្លះ ដែលមានសិស្សជាមធ្យមចំនួន ៦​ ១០០ នាក់ ក្នុងមួយ​ឆ្នាំ​។ លើសពីនេះទៀត មានគ្រូចំនួន ១៦០ នាក់  និងនាយកសាលាចំនួន ៣០ នាក់​ទទួល​ផល​ដោយផ្ទាល់ពីគម្រោងក្នុងមួយឆ្នាំៗ។

 

អ្នកទទួលផលដោយប្រយោល៖ គម្រោងគ្របដណ្តប់អ្នកទទួលផលដោយប្រយោល​ចំនួន ១ ២២០នាក់ ក្នុងចំណោម ៦ ១០០គ្រួសារ ក្នុងមួយឆ្នាំ (ប្រមាណជា ២០%)  គ្រូឧទេ្ទស​ចំនួន ២៨នាក់ មកពីការិយាល័យអប់រំស្រុក និងគ្រូឧទេ្ទសចំនួន ១០នាក់ មកពីមន្ទីរអប់រំ​ខេត្ត​។ លទ្ធផលរំពឹងទុកពីការធ្វើអន្តរាគមន៍ទំាងនេះ រួមមាន៖

 

​ ១) កុមារដែលមានអាយុច្រើនក្នុងតំបន់គោលដៅរបស់គម្រោងបាន​ចូលរៀន   និងត្រូវ​បាន​លើកទឹកចិត្តឲ្យនៅបន្តការសិក្សារហូតដល់ចប់បឋមសិក្សា

 ២) គុណភាពអប់រំត្រូវបានពង្រឹង  និងឆ្លើយតបទៅនឹងតម្រូវការកុមារដែលមានអាយុច្រើន​

 ៣)អ្នកដឹកនាំ/អ្នកផ្តល់ការអប់រំបានទទួលការបំប៉នដើម្បីពង្រឹងប្រសិទ្ធផលក្នុង ការផ្តល់​សេវា​​អប់រំ និង

 ៤) សហគមន៍បានយល់ដឹងកាន់តែប្រសើរពីសារៈសំខាន់នៃការធ្វើសមាហរណកម្ម​កុមារ​ដែលមានអាយុច្រើនទំាងអស់ឲ្យរស់នៅក្នុងសហគមន៍របស់ពួកគេ។


ដៃ​គូ​

ព័ត៌មាន


តំបន់អន្តរាគមន៏របស់យើង  (ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៤)